នាព្រឹកថ្ងៃពុធ ១៥ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក សេង សុខហេង នាយករង តំណាងឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានដឹកនាំមន្ត្រី និងសាស្ត្រាចារ្យ ចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding: MoU) រវាងក្រុមហ៊ុន ISI Steel Co., Ltd និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រមទាំងគ្រឹះស្ថានអប់រំចំនួន ៥ ផ្សេងទៀត។
ក្នុងឱកាសនោះ លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាល ISI Group និងជាអគ្គនាយកក្រុមហ៊ុន ISI Steel Co., Ltd បានធ្វើបទបង្ហាញអំពីប្រវត្តិ ការអភិវឌ្ឍ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានចាក់បញ្ចាំងវីដេអូបង្ហាញពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់បុគ្គលិក ដែលជាអតីតនិស្សិតមកពីគ្រឹះស្ថានអប់រំជាដៃគូ ដោយបានចែករំលែកអំពីដំណើរការអភិវឌ្ឍជំនាញ និងអាជីពការងាររបស់ខ្លួននៅក្នុងក្រុមហ៊ុន។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់វិស័យអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិវឌ្ឍកម្លាំងពលកម្ម ដើម្បីពង្រឹងគុណភាពធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងវិស័យឯកជន ដើម្បីបង្កើនឱកាសសិក្សា ការអនុវត្តការងារ ការហ្វឹកហ្វឺនជំនាញ និងការងារជូនដល់និស្សិត ស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។





















