ប៉ុន្មានឆ្នាំក្នុងទសវត្សចុងក្រោយក្រោមការដឹកនាំរបស់រាជ្យរដ្ឋាភិបាលឃើញថា មានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ ដើម្បីឆ្លើយតបនឹងកំណើនបរិមាណនិស្សិតកម្រិតបរិញ្ញាបត្រ ដែលបានបញ្ចប់ការសិក្សាមានចំនួនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបង្កើតនូវមហាវិទ្យាល័យថ្នាក់ក្រោយបរិញ្ញាបត្រកំពុងតែដំណើរការសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យាឯកទេស វិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មអគ្គិសនី ក្នុងគោលបំណងជួយពង្រឹងបង្កើននូវចំណេះដឹងបន្ថែមមានដូចជា ការផ្សព្វផ្សាយអំពីទ្រឹស្តីវិទ្យាសាស្ត្រ បច្ចេកទេស ការស្រាវជ្រាវ និងសីលធម៌ ស្របតាមតម្រូវការធធន់ធានមនុស្ស និងទីផ្សារការងារនាសម័យកាលភារូបនីយកម្មបច្ចុប្បន្ន។
មហាវិទ្យាល័យថ្នាក់ក្រោយបរិញ្ញាបត្រនៃវិទ្យាសា្ថនជាតិពហុប្ចេកទេសកម្ពុជា ផ្តល់វគ្គសិក្សាថ្ងៃសៅរ៍-ថ្ងៃអាទិត្យ និងវគ្គយប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដែលមាន កម្មវិធីសិក្សាច្បាស់លាស់ ដែលគាំទ្រដោយបច្ចេកវិទ្យាព័ត៌មានចុងក្រោយបំផុត និងឧបករណ៍នៃមន្ទីរពិសោធន៍ សាលបង្រៀន និងកុំព្យូទ័រ។ ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានការផ្សារភ្ជាប់ចំណេះដឹងខាងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង។