មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គគឺជាកន្លែងផ្តល់នូវចំណេះ ជំនាញបច្ចេកទេស មុខរបរចិញ្ចឹមជីវិតរបស់ប្អូនៗសិស្ស សិក្ខាកាម និងកម្មករនិយោជិតខ្វះជំនាញផងដែរ។មួយវិញទៀតមជ្ឈ​មណ្ឌល​​​​​​​​​​​​​នឹងថ្នាលសម្រាប់គ្រប់អ្នកសិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ ថែមទៀតផង។មជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសចំនួនបីសំខាន់​ៗ មានដូចជា៖

ក. មេកានិក សិក្សាពីមូលដ្ឋានគ្រឹះនៃការងារប្រមុំ(Fitting Metal) ម៉ាស៊ីនក្រឡឹង ហ្វ្រែ ម៉ាស៊ីនស័្វយប្រវត្តិCNC និងម៉ាស៊ីនចង្វាក់ផលិតកម្មស្វ័យប្រវត្តិ(Automation Production Line) និង ប្រព័ន្ធខ្យល់&ប្រព័ន្ធប្រេង

ខ. ទូរគមនាគមន៍ សិក្សាពីការដំឡើងអង់តែន ប្រព័ន្ធផ្សព្វផ្សាយសេវាទូរស័ព្ទ (Mobile Network) សរសេរកម្មវិធីផ្សព្វផ្សាយ(Programming Network) ដំឡើងរ៉ូបូតទិក(Robotic) ឌីហ្សាញផលិតផលដោយម៉ាស៊ី3D(3D Printing) និងប្រព័ន្ធប្រព័ន្ធកាមេរ៉ា(Camera Network)

គ. អគ្គិសនី សិក្សាពីការដំឡើងបណ្តាញអគ្គសនីក្នុងអគារ(Wiring) ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ(Automatic Control Systems) សរសេរកម្មវិធីPLC & Sensors ប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី DC &AC និងមូលដ្ឋានគ្រឹះគ្រឿងបង្គុំអគ្គិសនី

យើងសង្ឈឹមថា មជ្ឈមណ្ឌលនេះនឹងចូលរួមរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញ​ឱ្យកម្ពុជាឈានទៅឋានៈជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈការអប់រំបណ្តុះបណ្តាលកម្លាំងពលកម្មលើមុខ ជំនាញបច្ចេកទេសកម្រិតខ្ពស់ ។ ហើយយើងក៏សង្ឃឹមជឿជាក់ថា ដៃគូអភិវឌ្ឍទាំងអស់នឹងបន្តឧបត្ថម្ភ គាំទ្រដល់ដំណើរការរបស់មជ្ឈមណ្ឌលនេះ ឱ្យបានជោគជ័យតាមការគោលដៅ ។

លោក គាត រ៉ាយុតប្រធានមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡានឆាង-មេគង្គ

ប៉ុន្មានឆ្នាំក្នុងទសវត្សចុងក្រោយក្រោមការដឹកនាំរបស់រាជ្យរដ្ឋាភិបាលឃើញថា មានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ ដើម្បីឆ្លើយតបនឹងកំណើនបរិមាណនិស្សិតកម្រិតបរិញ្ញាបត្រ ដែលបានបញ្ចប់ការសិក្សាមានចំនួនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបង្កើតនូវមហាវិទ្យាល័យថ្នាក់ក្រោយបរិញ្ញាបត្រកំពុងតែដំណើរការសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា​ឯកទេស វិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មអគ្គិសនី ក្នុងគោលបំណងជួយពង្រឹងបង្កើននូវចំណេះដឹងបន្ថែមមានដូចជា ការផ្សព្វផ្សាយអំពីទ្រឹស្តីវិទ្យាសាស្ត្រ បច្ចេកទេស ការស្រាវជ្រាវ និងសីលធម៌ ស្របតាមតម្រូវការធធន់ធានមនុស្ស និងទីផ្សារការងារនាសម័យកាលភារូបនីយកម្មបច្ចុប្បន្ន។

មហាវិទ្យាល័យថ្នាក់ក្រោយបរិញ្ញាបត្រនៃវិទ្យាសា្ថនជាតិពហុប្ចេកទេសកម្ពុជា ផ្តល់វគ្គសិក្សាថ្ងៃសៅរ៍-ថ្ងៃអាទិត្យ និងវគ្គយប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដែលមាន កម្មវិធីសិក្សាច្បាស់លាស់ ដែលគាំទ្រដោយបច្ចេកវិទ្យាព័ត៌មានចុងក្រោយបំផុត និងឧបករណ៍នៃមន្ទីរពិសោធន៍ សាលបង្រៀន និងកុំព្យូទ័រ។ ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានការផ្សារភ្ជាប់ចំណេះដឹងខាងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង។

លោកបណ្ឌិត ប៊ិន ម៉ូលីនព្រឹទ្ធបុរសមហាវិទ្យាល័យ

វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពដើរតួជា “មាសបៃតង” រួមចំណែកដល់ការអភិឌ្ឍសេដ្ឋកិច្ច សង្គមតាមរយៈការបង្កើតនិងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់និងប្រយោល ដែលជម្រុញការនាំចេញនៅនឹងកន្លែង។ ក្នុងនោះយើងខ្ញុំបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ តាមរយៈជម្រុញនិងបណ្តុះបណ្តាលជំនាញថ្មីបន្ថែមដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលជាតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណនិងគុណភាព។

តាមរយៈនេះ ខ្ញុំបាទសូមលើកទឹកចិត្តដល់សិស្សនិស្សិតនិងសាធារណជនទាំងអស់ចាប់អារម្មណ៍និងឆ្លៀតឱកាសចូលរួមសិក្សាលើមុខជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច ព្រមទាំងជំនាញសិល្បៈនៃការចម្អិនម្ហូបអារហារដែលជាផ្នែកមួយនៃ Food & Beverage ដើម្បីបង្កើនកម្រិតជីវភាពរស់នៅនិងពង្រីកសេវាទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង ។

លោកបណ្ឌិត ស៊ុំ សុចិន្តាព្រឹទ្ធបុរសមហាវិទ្យាល័យ

មហាវិទ្យាល័យមេកានិករថយន្ត មានគោលដៅបណ្តុះបណ្តាលដល់និស្សិតដែលមានកម្រិត, វិញ្ញាបនបត្រ, ថ្នាក់ជាន់ខ្ពស់បច្ចេកទេស(ថ្នាក់មធ្យមបច្ចេកទេស), ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា(វិស្វករ) ដែលនិស្សិតមានជម្រើសវេនសិក្សា៖ ពេញម៉ោងចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ។

មានកម្មវិធីសិក្សាច្បាស់លាស់ដែលស្របតាមទីផ្សារការងារក្នុងនិងក្រៅស្រុកហើយបានផ្តោតលើបច្ចេកទេសរថយន្តទាំងម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និងរថយន្តហាយព្រីដ(Hybrid Vehicle) ដែលកំពុងពេញនិយមប្រើប្រាស់សព្វថ្ងៃនេះ និងសិក្សាស្រាវជ្រាវលើបច្ចេកទេសថ្មីៗរបស់រថយន្ត ព្រមទាំងមានបញ្ចូល​បណ្តុះបណ្តាលបញ្ជ្រាបនូវក្រមសីលធម៌វិជ្ជាជីវៈដល់និស្សិតដែលបណ្តាក្រុមហ៊ុននិងយានដ្ឋានត្រូវការជាចាំបាច់។ សព្វថ្ងៃនេះមហាវិទ្យាល័យមេកានិករថយន្តមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា៖ ក្រុមហ៊ុន RMA (រថយន្ត FORD), ក្រុមហ៊ុន HYUNDAI, យានដ្ឋាន A Klasse Auto, រោងចក្រឧស្សាហកម្ម,…) និងក្រុមហ៊ុនក្រៅប្រទេសដូចជាក្រុមហ៊ុន (ReNet Cambodia HR) របស់ប្រទេសជប៉ុនហើយត្រូវធ្វើការប្រឡងនិងតេស្តសមត្ថភាពដោយផ្ទាល់ពីក្រុមហ៊ុនរបស់ជប៉ុនដើម្បីជ្រើសរើសនិស្សិតមេកានិករថយន្តជាច្រើននាក់រៀងរាល់ឆ្នាំទៅបម្រើការនៅប្រទេសជប៉ុន។ ចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាពីទីនេះពួកគាត់មានជម្រើសឱកាសការងារជាច្រើនដូចជា៖

១. បើនិស្សិតមានចំណាប់អារម្មណ៍បំរើការងារតាមក្រុមហ៊ុនរោងចក្រ និងយានដ្ឋាន ដូចនេះក្រុមហ៊ុនជាច្រើនក្នុងស្រុកបានមកផ្សព្វផ្សាយដោយផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)​ ដល់និស្សិតឆ្នាំទី២ ថ្នាក់មធ្យម ថ្នាក់វិស្វករមេកានិករថយន្តឆ្នាំទី៤មុនបញ្ចប់ការសិក្សា នេះហើយជាឱកាសការងារសម្រាប់និស្សិតដែលសិក្សានៅមហាវិទ្យាល័យមេកានិករថយន្ត។

២. បើនិស្សិតមានគោលបំណងនិងចាប់អារម្មណ៏ក្នុងការបើកយានដ្ឋានខ្លួនឯង ហើយពួកគាត់បានបន្តចុះកម្មសិក្សានៅតាមយានដ្ឋានអោយមានបទពិសោធិន៍ការងារជួសជុលជាក់ស្តែងតែរយៈពេល២ទៅ៣ឆ្នាំ ពួកគាត់នឹងក្លាយទៅជាម្ចាស់យានដ្ឋានពិតប្រាកដ។

ដូចនេះខ្ញុំសូមគោរពនិងជម្រាបជូនដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៏ខាងវិស័យបច្ចេកទេសផ្នែកវិស្វកម្មមេកានិករថយន្ត អាចបញ្ជូន បង ប្អូន កូន ក្មួយ មកសិក្សានៅមហាវិទ្យាល័យមេកានិករថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទៅអនាគតពួកគាត់នឹងក្លាយជាអ្នកបច្ចេកទេសពិតប្រាដកក្រោយពីបានបញ្ចប់ការសិក្សានៅទីនេះ៕

លោក មិន ឆេងហ៊ាន់ព្រឹទ្ធបុរសមហាវិទ្យាល័យ

យុគសម័យនៃបដិវត្តឧស្សាហកម្មទំនើប អ្វីៗត្រូវបានកែប្រែ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញប្រទេសកម្ពុជា ក៏កំពុងឈានទៅធ្វើការកែរទម្រង់គ្រប់វិស័យនៃប្រព័ន្ធដំណើរការផងដែរ សំដៅដើម្បីក្លាយខ្លួនឱ្យទៅជាប្រទេសឧស្សាហកម្មទំនើបនាពេលអានាគតដ៏ឆាប់ខាងមុខនេះ។
ឧស្សាហកម្មគឺជាផ្នែកមួយដ៏ចម្បងដែលមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍យ៉ាងលឿននាដំណាក់កាលចុងក្រោយដែលមានឈ្មោះថាឧស្សាហកម្មទំនើប4.0។ រាល់ឧបករណ៍ប្រើប្រាស់គ្រប់យ៉ាងទាំងអស់នាពេលបច្ចុប្បន្នគឺសុទ្ធតែបានបំពាក់ភ្ជាប់មកជាមួយនូវប្រព័ន្ធឌីជីថលឆ្លាតវ័យដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងអាចចងចាំបានច្រើនបែបនិងច្រើនយ៉ាង។

វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាសរសរស្តម្ភមួយដែលអាចឆ្លើយតបទៅនិងការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ ។ បច្ចេកវិទ្យាកាន់តែទំនើប តម្រូវឱ្យអ្នកប្រើប្រាស់ក៏កាន់តែមានចំណេះដឹងនិងជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទៅលើមុខងារនីមួយៗនៃដំណើរការរបស់ ​វាផងដែរ។រាល់គ្រឿងបង្គុំស្ទើរតែទាំងអស់នៃប្រព័ន្ធចង្វាក់ផលិតកម្ម ទោះស័្វយប្រវត្តឬមិនស្វ័យប្រវត្តក្តី ដែលកំពុងប្រើប្រាស់នៅក្នុងឧស្សាហកម្ម រាប់ចាប់ពីខ្នាតតូចរហូតដល់ធំ គឺជាផ្នែកដែលពាក់ព័ន្ធទៅនឹងមេកានិក។ ដែលនាពេលបច្ចុប្បន្នផ្នែកមេកានិកត្រូវបានច្របាច់បញ្ចូលនូវផ្នែកមួយចំនួនដ៏ទៃទៀតដូចជាៈ ផ្នែកអេឡិចត្រូនិច ផ្នែកប្រព័ន្ធខ្យល់ឬប្រព័ន្ធប្រេងបូម និងប្រព័ន្ធកុងត្រូល (System Control) ដែលដំណើរការដោយការសរសេរកម្មវិធីសម្រាប់ឱ្យម៉ាស៊ីនដំណើរការ ដែលភាសារបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ននេះហៅថា មេកាត្រូនិក។

ការសិក្សាជំនាញមេកានិកគឺជាជំរើសដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរបុគ្គលគ្រប់រូបឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបទ​ ព្រមទាំងបទពិសោធន៍ដ៏ទៃៗច្រើនទៀតដែលបានភ្ជាប់មកជាមួយក្នុងកម្មវិធីបណ្តុះបណ្តាល​។ ក្រោយបញ្ចប់ការសិក្សា គេអាចបញ្រ្ជាបចូលក្នុងវិស័យនៃបដិវត្តឧស្សាហកម្មទំនើបនេះដែលកំពុងប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកទេសក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង។

មហាវិទ្យាល័យមេកានិកត្រូវបានបំពាក់នូវឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបកម្មទាន់សម័យជាច្រើនសម្រាប់ធ្វើការបណ្តុះបណ្តាល និងអនុវត្តន៍។ សាស្រ្តាចារ្យនៃមហាវិទ្យាល័យនេះគឺសុទ្ធត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលស្ទាត់ជំនាញទាំងក្នុងស្រុក និងបរទេស ។ មហាវិទ្យាល័យក៏មានដៃគូរសហការ ជាច្រើនក្រុមហ៊ុនទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ មិនតែប៉ុណ្ណោះមហាវិទ្យាល័យក៏មានជំនាញការបរទេសមកជួយធ្វើការបណ្តុះបណ្តាលថែមទៀតដែរ។

សង្ខេបមក ទស្សនវិស័យសំខាន់នៃការសិក្សាជំនាញមេកានិក គឺធ្វើខ្លួនឱ្យក្លាយជាអ្នកឯកទេសស្ទាត់ជំនាញដែលចេះប្រើប្រាស់ 4H គឺដៃ (Hand) ខួរក្បាល (Head ) បេះដូង ( Heart ) និង មានសុខភាព ( Health ) ។ សូមឱ្យសារមួយនេះក្លាយជាដៃគូររបស់អ្នក ។

លោក ព្រំ ពៅព្រឹទ្ធបុរសមហាវិទ្យាល័យ

ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិបានសំឡឹងឃើញពីការវិនិយោគលើគ្រប់វិស័យជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ វិស័យសំណង់ជាវិស័យមួយដែលមានសក្តានុពលក្នុងការវិនិយោគរបស់បណ្តាក្រុមហ៊ុនទាំងអស់ វិស័យនេះបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងបានស្រូបយកកម្លាំងការងារជាងច្រើន។ នៅទីក្រុងភ្នំពេញ​ក៏ដូចជាបណ្តាទីក្រុងសំខាន់ៗផ្សេងទៀត បុរី អគារធំៗ ត្រូវបានសាងសង់ជារៀងរាល់ថ្ងៃដោយមានការចូលរួមពីកម្លាំងពលកម្មក្នុងស្រុកក្នុងចំណែកដ៏ច្រើនលើសលុប។ ដើម្បីឲ្យអគារតូច ឬធំស្គឹមស្កៃអាចរំលេចនូវសោភណ្ឌភាព និងភាពរឹងមាំបាន ស្ថាបត្យករ និងវិស្វករជំនាញសំណង់ស៊ីវិលដែលទទួលបានការបណ្តុះបណ្តាលជាមួយនឹងកម្មវិធីសិក្សាដែលបានសម្រឹតសម្រាំងយ៉ាងល្អ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង ជាធាតុយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។​

ជាការឆ្លើយតបនឹងតម្រូវការធនធានពលកម្មប្រកបដោយបញ្ញា និងស្មារតីទទួលខុសត្រូវលើការងារផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ខ្លូន ប្អូនៗសិស្សានុសិស្សដែលបានប្រឡងសញ្ញាបត្រទុតិយភូមិជាប់ក្តី មិនជាប់ក្តី អាចជ្រើសរើសមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្មនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាជាថ្នាលសម្រាប់បណ្តុះបណ្តាលប្រកបដោយការយកចិត្តទុកដាក់។

ការបណ្តុះបណ្តាលនៅទីនេះ មិនត្រឹមតែផ្តោតសំខាន់លើជំនាញបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងបានបញ្ជ្រាបនូវសីលធម៌វិជ្ជាជីវៈដែលជាធាតុមិនអាចខ្វះដែលបណ្តាក្រុមហ៊ុនត្រូវការជាចាំបាច់។ និស្សិតដែលបានបញ្ចប់ការសិក្សាពីទីនេះ បានក្លាយជាមន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុនសំណង់ ក្រុមសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម អ្នកម៉ៅការសំណង់ និងជាបុគ្គលិកក្រុមហ៊ុនសំណង់

លោក តេង ឆាយព្រឹទ្ធបុរសមហាវិទ្យាល័យ

នៅក្នុងយុគសម័យសកលភាវូបនីយកម្ម ការរស់នៅពោរពេញទៅដោយការប្រកួតប្រជែងក្នុងគោលបំណងទទួលបាននូវភាពល្អប្រសើរ ដើម្បីបំពេញឲ្យមហិច្ឆតារបស់ខ្លួន មនុស្សភាគច្រើនតែងតែរិះរកនូវវិធីសាស្ត្រថ្មីៗដែលជាឧបករណ៍រុញជីវិតរបស់ពួកគេឲ្យទៅដល់គោលដៅ។ ទន្ទឹមនឹងនោះ យើងសង្កេតឃើញថា បច្ចេកវិទ្យាទំនើបៗនៅបណ្តាប្រទេសជឿនលឿនមួយចំនួនក៏បាន និងកំពុងអភិវឌ្ឍយ៉ាងសកម្មផងដែរ។ ឧបករណ៍ថ្មីៗ ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដែលយើងនឹកស្មានមិនដល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងវិស័យផ្សេងៗ។ ខ្សែសង្វាក់ផលិតកម្មបែបថ្មី និងប្រកបដោយបច្ចេកវិទ្យាទំនើបក៏ត្រូវបានបង្កើតឡើងនៅក្នុងសតវត្សរ៍ទី២១នេះផងដែរ។ វាត្រូវបានគេស្គាល់ថា Fourth Industrial Revolution (I.R 4.0)ដែលជាប្រភេទខ្សែសង្វាក់ឧស្សាហកម្មបំពាក់បច្ចេកវិទ្យាអេឡិចត្រូនិក និងទូរគមនាគមន៍។ ភាពរីកចម្រើនក្នុងការស្រាវជ្រាវលើវិស័យអេឡិចត្រូនិក អាចឲ្យគេបង្កើតបាននូវឧបករណ៍ប្រើប្រាស់ដែលមានលក្ខណៈឆ្លាតវៃ (Intelligent) និងដំណើរការបានដោយស្វ័យប្រវត្តិ (Automation) ហើយក៏មានឧបករណ៍អេឡិចត្រូនិកខ្លះទៀត អាចឲ្យយើងធ្វើការបញ្ជាពីចម្ងាយបានដោយការបញ្ជូនទិន្ន័យពីទីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈប្រព័ន្ធទូរគមនាគមន៍បានផងដែរ។ ជារួម ប្រព័ន្ធអេឡិចត្រូនិក គឺជាខួរក្បាលដ៏ពិសេសមួយដែលអាចបង្កើតបាននូវភាពឆ្លាតវៃ និងប្រព័ន្ធទូរគមនាគមន៍ប្រៀបបានទៅនឹងសរសៃឈាមក្នុងការបញ្ជូនទិន្នន័យពីកន្លែងមួយទៅកន្លែងមួយទៀត ៕

លោក ចាន់ សុភាពព្រឹទ្ធបុរសមហាវិទ្យាល័យ

បណ្តុះបណ្តាលនិស្សិតឲ្យត្រូវនឹងតម្រូវការទីផ្សារការងារ គឺជាគោលបំណង់របស់មហាវិទ្យាល័យអគ្គិសនី។ នៅទីនេះយើងបណ្តុះបណ្តាលដោយយកចិត្តទុកដាក់ទៅលើការអនុវត្តផ្ទាល់ ជាជាងការបង្រៀនតែទ្រឹស្តី។ ប៉ុន្មានឆ្នាំកន្លងមកនេះយើងបាន និងកំពុងសហការជាមួយគម្រោង JICA ដើម្បីពង្រឹងចំណេះដឹងសាស្ត្រាចារ្យ ពង្រឹងកម្មវិធីសិក្សា និងធ្វើឲ្យរោងជាង ក៏ដូចជាមន្ទីពីសោធន៍ និងឯកសារបង្រៀនកាន់តែទំនើប។

សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកមហាវិទ្យាល័យដើម្បីជ្រើសរើសបុគ្គលិក ជាមួយនឹងប្រាក់ខែសមរម្យ។ ក្នុងពេលជាមួយគ្នានឹងតម្រូវការនិស្សិតដែលមានជំនាញអគ្គិសនីកាន់តែកើនឡើង និស្សិតដែលបានចុះឈ្មោះចូលរៀនផ្នែកនេះក៏កើនឡើងដែរ។ ដោយសារតែបែបនេះហើយធ្វើឲ្យមហាវិទ្យាល័យអគ្គិសនី ពង្រីកវេណបណ្តុះបណ្តាលដែលពីមុនយើងមានតែវេណ ពេញម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តែសព្វថ្ងៃនេះមហាវិទ្យាល័យមានបណ្តុះបណ្តាលវេណយប់ និងវេណថ្ងៃសៅរ៍-អាទិត្យ។

លោកបណ្ឌិត ចេង ហ៊ឈងព្រឹទ្ធបុរសមហាវិទ្យាល័យ

សតវត្សទី២១ គឺជារយៈពេលដែលពោរពេញទៅដោយការផ្លាស់ប្តូរ និងការប្រកួតប្រជែងជាច្រើន។ ដូច្នេះ ការផ្តល់ដល់ពលរដ្ឋ ជាពិសេសយុវជនឱ្យបានត្រៀមលក្ខណៈរួចរាល់សម្រាប់ពិភពការងារ​ តាមរយៈការផ្តល់ការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញផ្សារភ្ជាប់ជាមួយនឹងអាកប្បកិរិយាវិជ្ជាមាន នឹងជួយពួកគេមានភាពធន់ទៅនឹងការផ្លាស់ប្តូរបញ្ហាប្រឈមនានា និងការប្រកួតប្រជែង។

អាស្រ័យដូចនេះ វត្តមាននៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺដើម្បីក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ជូនដល់អ្នកស្រាវជ្រាវនូវចំណេះដឹង ជំនាញមូលដ្ឋានរឹងមាំ ឥរិយាបថរៀនពេញមួយជីវិត និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការក្លាយខ្លួនជាកម្លាំងពលកម្មដែលមានសក្តានុពលសម្រាប់គ្រួសារ សង្គម និងការអភិវឌ្ឍប្រទេស។

ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះវិទ្យាស្ថាននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើនការកែលម្អគុណភាពបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបណ្ឌិត ប៊ុន ភារិននាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC ជាសាលាមួយដែលមានកេរ្តិ៍ឈ្មោះល្អដែលអ្នកវិនិយោគ អ្នករកស៊ី ក៏ដូចជាដៃគូអភិវឌ្ឍន៍ អ្នកណាក៏ស្គាល់សាលានេះដែរ ហើយសិស្ស-និស្សិតដែលបានចេញពីសាលា គឺមានការងារធ្វើល្អៗច្រើន។

ដូច្នេះការណ៍ដែលសាលានេះបានផ្តល់ឱកាសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ យុវជនមកពីគ្រួសារងាយរងហានិភ័យបានចូលរៀននៅកន្លែងនេះជាមួយសម្ភារៈបរិក្ខារ ជាមួយគ្រូដែលបានបទពិសោធន៍ ខ្ញុំគិតថាជាការរួចចំណែកយ៉ាងសកម្មរបស់សាលាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ប៉ុក ប៉ាន់រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា