សតវត្សទី២១ គឺជារយៈពេលដែលពោរពេញទៅដោយការផ្លាស់ប្តូរ និងការប្រកួតប្រជែងជាច្រើន។ ដូច្នេះ ការផ្តល់ដល់ពលរដ្ឋ ជាពិសេសយុវជនឱ្យបានត្រៀមលក្ខណៈរួចរាល់សម្រាប់ពិភពការងារ តាមរយៈការផ្តល់ការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញផ្សារភ្ជាប់ជាមួយនឹងអាកប្បកិរិយាវិជ្ជាមាន នឹងជួយពួកគេមានភាពធន់ទៅនឹងការផ្លាស់ប្តូរបញ្ហាប្រឈមនានា និងការប្រកួតប្រជែង។
អាស្រ័យដូចនេះ វត្តមាននៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺដើម្បីក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ជូនដល់អ្នកស្រាវជ្រាវនូវចំណេះដឹង ជំនាញមូលដ្ឋានរឹងមាំ ឥរិយាបថរៀនពេញមួយជីវិត និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការក្លាយខ្លួនជាកម្លាំងពលកម្មដែលមានសក្តានុពលសម្រាប់គ្រួសារ សង្គម និងការអភិវឌ្ឍប្រទេស។
ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យនេះវិទ្យាស្ថាននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើនការកែលម្អគុណភាពបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើងថែមទៀត។
















