ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិបានសំឡឹងឃើញពីការវិនិយោគលើគ្រប់វិស័យជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ វិស័យសំណង់ជាវិស័យមួយដែលមានសក្តានុពលក្នុងការវិនិយោគរបស់បណ្តាក្រុមហ៊ុនទាំងអស់ វិស័យនេះបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងបានស្រូបយកកម្លាំងការងារជាងច្រើន។ នៅទីក្រុងភ្នំពេញក៏ដូចជាបណ្តាទីក្រុងសំខាន់ៗផ្សេងទៀត បុរី អគារធំៗ ត្រូវបានសាងសង់ជារៀងរាល់ថ្ងៃដោយមានការចូលរួមពីកម្លាំងពលកម្មក្នុងស្រុកក្នុងចំណែកដ៏ច្រើនលើសលុប។ ដើម្បីឲ្យអគារតូច ឬធំស្គឹមស្កៃអាចរំលេចនូវសោភណ្ឌភាព និងភាពរឹងមាំបាន ស្ថាបត្យករ និងវិស្វករជំនាញសំណង់ស៊ីវិលដែលទទួលបានការបណ្តុះបណ្តាលជាមួយនឹងកម្មវិធីសិក្សាដែលបានសម្រឹតសម្រាំងយ៉ាងល្អ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង ជាធាតុយ៉ាងសំខាន់ដែលមិនអាចខ្វះបាន។
ជាការឆ្លើយតបនឹងតម្រូវការធនធានពលកម្មប្រកបដោយបញ្ញា និងស្មារតីទទួលខុសត្រូវលើការងារផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ខ្លូន ប្អូនៗសិស្សានុសិស្សដែលបានប្រឡងសញ្ញាបត្រទុតិយភូមិជាប់ក្តី មិនជាប់ក្តី អាចជ្រើសរើសមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្មនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាជាថ្នាលសម្រាប់បណ្តុះបណ្តាលប្រកបដោយការយកចិត្តទុកដាក់។
ការបណ្តុះបណ្តាលនៅទីនេះ មិនត្រឹមតែផ្តោតសំខាន់លើជំនាញបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងបានបញ្ជ្រាបនូវសីលធម៌វិជ្ជាជីវៈដែលជាធាតុមិនអាចខ្វះដែលបណ្តាក្រុមហ៊ុនត្រូវការជាចាំបាច់។ និស្សិតដែលបានបញ្ចប់ការសិក្សាពីទីនេះ បានក្លាយជាមន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុនសំណង់ ក្រុមសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម អ្នកម៉ៅការសំណង់ និងជាបុគ្គលិកក្រុមហ៊ុនសំណង់។