ឯកឧត្តមបណ្ឌិត ពេជ សោភ័ន
រដ្ឋលេខាទីការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារពិតប្រាកដ និងបំពេញតម្រូវការរបស់និយោជកដែលត្រូវការពលករ ហើយអាចសម្របខ្លួនយ៉ាងរហ័សទៅនឹងបច្ចេកវិទ្យា និងឱកាសថ្មីៗ ។ អាគារថ្មី សម្ភារទំនើបៗ និងភាពវាងវៃរបស់មន្ត្រី បុគ្គលិកអាចធ្វើឱ្យវិទ្យាស្ថាននេះ បង្កើនជាប្រចាំនូវសមត្ថភាពរបស់ខ្លួនក្នុងការបង្រៀន​ ការផ្ទេរបច្ចេកវិទ្យា ដែលមានការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទាំងចំណេះដឹង និងជំនាញ ។ តាងនាមក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលតែងតែបន្តគាំទ្រដល់ការបង្កើត និងដំណើរ ការវិទ្យាស្ថាន ដែលអាចបំពេញបាននូវបេសកកម្មប្រកបដោយមហិច្ឆិតារបស់យើង ។ ទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមទាំងបច្ចុប្បន្ន និងអនាគតក្នុងការ អភិវឌ្ឍប្រទេសកម្ពុជាដែលយល់ឃើញថា ភាពជោគជ័យសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើជំនាញ កំលាំងពលកម្ម តាមរយៈវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ភាពឈានមុខរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាមូលដ្ឋានដ៏រឹងមាំនៃអនាគតរបស់ប្រទេសជាតិ ។

 

ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ឯកឧត្តមបណ្ឌិត ប៊ុន​ ភារិន
នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ក្តីសុបិនរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺប្រែក្លាយជាវិទ្យាស្ថានឈានមុខគេ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅក្នុងប្រទេសកម្ពុជា ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានគោលដៅធ្វើការបណ្តុះបណ្តាលដល់និស្សិត ដើម្បីផ្តល់ឱកាសដល់ពួកគេត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ។ និស្សិតគឺជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ហេតុដូច្នេះហើយវិទ្យាស្ថានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលពួកគេ ឱ្យក្លាយទៅជាធនធានប្រកបដោយវិជ្ជាជីវៈ និងមនសិការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា​ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជ្រើសនូវសាស្ត្រាចារ្យជាតិ និងអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់ក្នុងការផ្ទេរចំណេះដឹង ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថាន ក្នុងការលើកកម្ពស់គុណភាព និងកិត្យានុភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ខ្ញុំសូមអំពាវនាវឱ្យមានការសហការជាមួយយើងដើម្បីសម្រេចនូវវត្ថុបំណង និងបម្រើបាននូវតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងតំបន់ ។

ទស្សនវិស័យ

ធ្វើឱ្យទៅជាវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ មនសិការវិជ្ជាជីវៈ មានស្មារតីសេ្នហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស សេដ្ឋកិច្ច និងសង្គម ។

បេសកកម្ម

  • បណ្តុះបណ្តាលអ្នកបច្ចេកទេសគ្រប់កម្រិតរួមមាន៖ បច្ចេកទេសបឋម បច្ចេកទេសជាន់ខ្ពស់ បច្ចេកទេសឧត្តម និងក្រោយឧត្តម

  • ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសមត្ថភាពរបស់មន្ត្រីរាជការ សាស្ត្រាចារ្យ កម្មករ-និយោជិក សិស្ស និស្សិត និងទ្រព្យសម្បត្តិរបស់វិទ្យាស្ថានជាតិពហុ បច្ចេកទេសកម្ពុជា ដើម្បីអភិវឌ្ឍជាតិមាតុភូមិ

  • បង្កើនសមត្ថភាព ជំនាញបច្ចេកទេសដល់មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យសម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈនានា

  • កសាងយុទ្ធសាស្ត្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

  • កសាងកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ចងក្រងឯកសារ បច្ចេកទេសវិទ្យាសាស្ត្រ ជំនាញវិជ្ជាជីវៈជាភាសាខ្មែរ និងភាសាបរទេសឱ្យបានសមស្រប សម្រាប់ប្រើប្រាស់ និងសម្រាប់ផ្សព្វផ្សាយទូទៅ

  • កសាងផែនការអភិវឌ្ឍវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឱ្យបានសមស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស

  • ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ វិទ្យាស្ថានក្នុង និងងឯកជនជាដៃគូ សហក្រៅប្រទេស អន្តរជាតិ ស្ថាប័នរដ្ឋ និប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ វិទ្យាសាស្ត្របច្ចេកទេសថ្មី ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ផលិតភាពប្រកបដោយនិរន្តរភាពក្នុងការបណ្តុះបណ្តាល